ខេត្តកណ្តាល ៖ ជនដៃដល់ពីរនាក់ដែលបានធ្វើសកម្មភាពវាយ និងកាប់ប្លន់បុរសម្នាក់យកទូរស័ព្ទ និងលុយពេលជនរងគ្រោះចេញពីហូបការបងប្អូននោះ ត្រូវប៉ូលិសចាប់ខ្លួនបានហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តទៀតផង ខណៈជនរងគ្រោះកំពុងសន្លប់នៅក្នុងមន្ទីរពេទ្យនៅឡើយ ។ ជនសង្ស័យទាំងពីរនាក់នោះត្រូវប៉ូលិសស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍ម្កាក់ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី៦ ធ្នូ ឆ្នាំ២០១០ នៅក្នុងភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនអន្ធពាល២នាក់ ដែលត្រូវចាប់ខ្លួននោះម្នាក់ឈ្មោះថុល គន្ធា អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រៃដូង ឃុំដំណាក់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះវ៉ា វ៉ិត អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ពួកគេជាកម្មករដំឡើងបង្គោលភ្លើងស្នាក់នៅក្នុងភូមិត្រពាំង ធ្នង់ ឃុំម្កាក់ ។ រីឯជនរងគ្រោះឈ្មោះផល សាល អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសបែកថ្ងាសរយះក្បាល និងបាក់ខ្ទង់ច្រមុះដេរចំនួន១៧ថ្នេរ និងកំពុងសន្លប់បាត់ស្មារតីមិនទាន់ដឹងខ្លួននៅឡើយ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីហូបការបងប្អូន ហើយបានជួបក្រុមជនអន្ធពាលនៅតាមផ្លូវភូមិរំដេញ ឃុំម្កាក់ ក៏ត្រូវក្រុមនោះស្ទាក់វាយប្លន់យកលុយ និងទូរស័ព្ទរួចគេចខ្លួនទៅបាត់ ហើយជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុប៉ូលិសបានស្រាវជ្រាវឃាត់ខ្លួនជនទាំងពីរនាក់ នោះ និងដកហូតបានកូនសោកែច្នៃពីរ ព្រមទាំងខ្សែក្រវាត់សំរាប់ពាក់ឡើងបង្គោលផងដែរ ។
មិនតែ ប៉ុណ្ណោះជនទាំងពីរនាក់នោះបានសារភាពថា មុនពេលកើតហេតុពេលពួកខ្លួនកំពុងផឹកស៊ីនៅតូបលក់ដូរមួយក្បែរ ផ្លូវ ក៏បានឃើញជនរងគ្រោះដើរម្នាក់ឯង ពេលនោះពួកខ្លួនបានហៅឱ្យជូនទៅផ្ទះ តែជនរងគ្រោះបដិសេធមិនព្រមជូនទៅទេ ក្រោយមកក៏មានការទាស់ពាក្យសំដីគ្នាខ្លះៗ ហើយពេលនោះជនរងគ្រោះបានលោតទាត់ធាក់ពួកខ្លួនមុន ទើបពួកខ្លួនព្រួតវាយតបតវិញរហូតដល់សន្លប់តែម្តង ៕
Tuesday, December 7, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment