Tuesday, December 7, 2010
ខេត្តកំពត ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកជំនាញខាងបុរាណវិទ្យាបានសហការជាមួយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរកឃើញឆ្អឹងសត្វចំលែកមួយចំនួន និងធ្មេញស្វាឪដែលបន្សល់ទុកកាលពីសម័យដើមនៅក្នុងរូងភ្នំឈ្ងោក និងភ្នំក្បាលរមាសស្ថិតនៅឃុំត្រពាំងព្រីង និងភ្នំដំបងស្ថិតនៅឃុំកណ្តោល។ លោកព្រឹទ្ធបុរសផេង ស៊ីថា អ្នកឯកទេសខាងបុរាណវិទ្យារួមជាមួយលោកទេព សុខា និងអ្នកជំនាញឯទៀតបានធ្វើកំណាយជីករូងភ្នំក្បាលរមាស ឬភ្នំសេដាអោន បានរកឃើញសំណល់ឆ្អឹង និងធ្មេញសត្វជាច្រើនប្រភេទដូចជាពពួកអំបូរសត្វស៊ីស្មៅមានគោ ព្រៃ ក្របីព្រៃ និងពពួកអំបូរសត្វផ្សេងទៀតមានក្តាន់ ឈ្លូស ប្រឹស ជ្រូកព្រៃ និងពពួកអំបូរសត្វល្មូនមានពស់ ត្រកួត ពពួកអំបូរសត្វជើងបួន ស៊ីសាច់មានឆ្កែព្រៃ ខ្លា ខ្លាឃ្មុំ និងពពួកអំបូរសត្វស៊ីផ្លែឈើមានស្វា ទោច និងពពួកអំបូរសត្វសីុសត្វល្អិតមានកាំប្រមា កណ្តុរ។ ក្រៅពីនេះក្រុមអ្នកជំនាញបានរកឃើញឆ្អឹងសត្វជាច្រើនប្រភេទទៀត ដែលមិនអាចកំណត់បាន ប៉ុន្តែក្នុងនោះក៏បានរកឃើញឆ្អឹងម្រាមដៃ ពពួកសត្វស្វា ខ្លា ជ្រូក និងស្នូកអណ្តើក ។
សំខាន់ជាងនេះទៅទៀត ក្រុមជំនាញបានរកឃើញឆ្អឹងសត្វរមាស ដែលបច្ចុប្បន្នមិនមានសត្វនេះទៀតទេ តែបានបន្សល់ទុកឈ្មោះដូចជាស្ពានក្បាលរមាសនៅតំបន់នោះ។ ពេលនេះអាជ្ញាធរបានធ្វើរូបសំណាករមាសមួយក្បាលដាក់បង្ហាញភ្ញៀវ ទេសចរទៀតផង។ នៅរូងភ្នំឈ្ងោក ឃុំត្រពាំងព្រីង ក្រុមអ្នកជំនាញ រួមទាំងអ្នកភូមិបានជីកកកាយក្នុងរូងរកឃើញឆ្អឹងសត្វ និងធ្មេញសត្វជាច្រើនប្រភេទដូចជានៅរូងភ្នំក្បាលរមាស ឬភ្នំសេដាអោនដែរក្រុមអ្នកជំនាញបានរកឃើញឆ្អឹងកងពស់នៅរូងភ្នំ ឈ្ងោក រីឯនៅភ្នំបោះដំបងស្ថិតនៅឃុំកណ្តោល បានរកឃើញធ្មេញសត្វជាច្រើនដូចជាសត្វឆ្កែយ៉ាណា។ សំខាន់ជាងនេះទៅទៀតគេបានរកឃើញធ្មេញស្វាឪ ដែលជាសត្វមានការវិវឌ្ឍមកពពួកអំបូរមនុស្សនាសម័យកាលដើម។
ក្រុមអ្នកជំនាញឯកទេសខាងបុរាណវិទ្យាថ្លែងថា ការសិក្សាស្រាវជ្រាវលើកនេះគឺផ្អែកលើការធ្វើកំណាយដើម្បីសិក្សា ពីសំណល់ផូស៊ីលផ្សេងៗនៅតាមល្អាងភ្នំ៣នៅស្រុកទឹកឈូរយៈពេល ខ្លីនៅចុងឆ្នាំ២០១០នេះ។ គោលបំណងសំខាន់បំផុតគឺចង់សិក្សាពីសំណល់ឆ្អឹងមនុស្សប្រហែលជាអាច មាននៅតាមរូងភ្នំនានាដើម្បីស្វែងយល់ពីពពួកមនុស្សរស់នៅលើទឹក ដីប្រទេសកម្ពុជាតាំងពីរាប់ម៉ឺនឆ្នាំមុន ប៉ុន្តែឆ្អឹងមនុស្ស និងធ្មេញមនុស្សមិនទាន់បានរកឃើញទេ ។ ក្រុមអ្នកជំនាញបានរកឃើញតែធ្មេញស្វាឪប៉ុណ្ណោះ ហើយសំខាន់ពពួកអំបូរស្វាឪនេះគេអាចធ្វើការសិក្សាស្វែងយល់ពីការ វិវឌ្ឍរបស់មនុស្សបាន។ លោកគង់ ផល្លា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមានប្រសាសន៍ថា ក្រុមអ្នកឯកទេសខាងបុរាណវិទ្យាបានប្រទះឃើញឆ្អឹងសត្វជាច្រើន និងធ្មេញស្វាឪនៅក្នុងរូងភ្នំ៣នៅស្រុកទឹកឈូ ប៉ុន្តែធ្មេញស្វាឪ និងឆ្អឹងសត្វជាច្រើនទៀតកំពុងតែធ្វើឱ្យអ្នកឯកទេសចង់ដឹងថា សត្វទាំងអស់នេះងាប់ដោយការបរបាញ់ ឬក៏ដោយចិត្តឯង។ ពេលនេះក្រុមអ្នកជំនាញមិនទាន់បានអះអាងថា សត្វទាំងអស់ និងធ្មេញស្វាឪនេះត្រូវគេសំលាប់ឬយ៉ាងណាទេ ហើយឆ្អឹង និងធ្មេញនឹងយកទៅពិនិត្យនៅប្រទេសជប៉ុន។ លោកប្រធានមន្ទីរវប្បធម៌មានប្រសាសន៍ថា ថ្មីៗនេះមន្ទីរវប្បធម៌បានរកឃើញផ្ទាំងសិលាចារិកមួយទៀតគឺនៅ ភ្នំម្រោមក្នុងស្រុកអង្គរជ័យ ៕
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment